សង្គ្រាមណាប៉ូលេអូនិក
From Wikipedia, the free encyclopedia
សង្គ្រាមណាប៉ូលេអូនិក (ភាសាអង់គ្លេស៖ Napoleonic Wars, ភាសាបារាំង៖ Guerres napoléoniennes) (១៨០៣-១៨១៥) គឺជាជម្លោះធំៗបន្តៗគ្នាដែលបង្កឡើងដោយបារាំងនិងសម្ព័ន្ធមិត្តរបស់ខ្លួនក្រោមការដឹកនាំដោយព្រះចៅអធិរាជណាប៉ូលេអុងទី១ ប្រឆាំងនឹងក្រុមសម្ព័ន្ធមិត្តមហាអំណាចអឺរ៉ុបមួយចំនួនដែលហិរញ្ញប្បទាននិងនាំមុខដោយចក្រភពអង់គ្លេស។ សង្គ្រាមនេះច្រើនបែងចែកចេញជាជម្លោះធំៗចំនួនប្រាំមាន៖ សង្គ្រាមសម្ព័ន្ធភាពទីបី(១៨០៥) ទីបួន(១៨០៦–០៧) ទីប្រាំ(១៨០៩) ទីប្រាំមួយ(១៩១៣) និងទីប្រាំពីរ(១៨១៥)។
សង្គ្រាមណាប៉ូលេអូនិក | |||||||
---|---|---|---|---|---|---|---|
រូបខាងលើ: សមរភូមិអូស្ទ័រលីត រូបខាងក្រោម: សមរភូមិវ៉ាត់ធឺលូ | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
|
បារាំងជាមួយនិងសម្ព័ន្ធមិត្ត៖ សាធារណរដ្ឋបារាំង (១៧៩២–១៨០៤) ចក្រភពបារាំង (១៨០៤–១៨១៥) រដ្ឋចំណុះរបស់បារាំង៖
| ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
| |||||||
កម្លាំង | |||||||
សរុប៖ ៣,០០០,០០០ នាក់, កងកម្លាំង និងកងជីវពល |
សរុប៖ ២,០០០,០០០ នាក់, កងកម្លាំង និងកងជីវពល | ||||||
សហេតុភាព និង ការខាងបង់ | |||||||
|
|||||||
បន្ទាប់ពីបានក្លាយជាកុងស៊ុលដំបូងនៃប្រទេសបារាំងនៅក្នុងឆ្នាំ១៧៩៩ ណាប៉ូលេអុងត្រូវចូលដឹកនាំសាធារណរដ្ឋដែលពោរពេញទៅដោយភាពវឹកវររួចផ្លាស់ប្តូរវាទៅជារដ្ឋថ្មីដែលមានស្ថេរភាពខាងហិរញ្ញវត្ថុ មានភាពរឹងមាំខាងការិយាធិបតេយ្យ និងមានកម្លាំងយោធាដែលសម្បូរទៅដោយភាពប៉ិនប្រសប់។ នៅក្នុងឆ្នាំ១៨០៥ ប្រទេសអូទ្រីសនិងរុស្ស៊ីបានចងសម្ព័ន្ធភាពនឹងគ្នារួចក៏ប្រកាសសង្គ្រាមមកលើបារាំង ដែលគេច្រើនស្គាល់វាថា "សង្គ្រាមនៃសម្ព័ន្ធភាពទីបី" ហើយជាលទ្ធផល កងទ័ពបារាំងបានយកឈ្នះលើទ័ពសម្ព័ន្ធភាពអូទ្រីស-រុស្ស៊ីនៅឯសមរភូមិអូស្ទ័រលីតស៍នៅអំឡុងខែធ្នូ ឆ្នាំ១៨០៥ ដោយប្រវត្តវិទូបានចាត់ទុកវាជាជ័យជម្នះដ៏អស្ចារ្យរបស់ណាប៉ូលេអុង។ ប៉ុន្តែនៅឯខាងសមុទ្រវិញ ទ័ពជើងទឹកអង់គ្លេសបានទទួលជ័យជម្នះយ៉ាងលើសលប់មកលើកម្លាំងជើងទឹកបារាំង–អេស្ប៉ាញនៅក្នុងសមរភូមិត្រាហ្វាលហ្ការនៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៨០៥។ ជ័យជម្នះមួយនេះបាននាំឱ្យអង់គ្លេសមានការគ្រប់គ្រងពេញលេញនៅលើសមុទ្រភាគខាងលិចទ្វីបអឺរ៉ុប។ ដោយមានភាពព្រួយបារម្ភពីកំណើននៃអំណាចរបស់បារាំង រដ្ឋព្រុសបានដឹកនាំបង្កើតសម្ព័ន្ធមិត្តទីបួនជាមួយរុស្ស៊ី សាសូនី និងស៊ុយអែតរួចក៏ប្រកាសសង្រ្គាមលើបារាំងនៅអំឡុងខែតុលា ឆ្នាំ១៨០៦។ កងទ័ពណាប៉ូលេអុងបានយកឈ្នះលើទ័ពព្រុសនៅក្នុងតំបន់ជេណា និងទ័ពរុស្ស៊ីនៅក្នុងសមរភូមិហ្រ្វៃឡង់។ ជម្លោះប្រឆាំងនឹងបារាំង (សម្ព័ន្ធភាពទីប្រាំ) ក៏បានចាប់ផ្តើមម្តងទៀតនៅក្នុងឆ្នាំ១៨០៩ ដោយមានការដឹកនាំពីអូទ្រីសប៉ុន្តែដូចមុនអញ្ចឹងគឺត្រូវទទួលបរាជ័យ។
ក្នុងគោលបំណងផ្តាច់ប្រព័ន្ធសេដ្ឋកិច្ចអង់គ្លេស ណាប៉ូលេអុងបានបើកការវាយប្រហារចូលប្រទេសព័រទុយកាល់ដែលត្រូវជាសម្ព័ន្ធមិត្តតែមួយគត់របស់អង់គ្លេសនៅទ្វីបអឺរ៉ុប។ បន្ទាប់ពីបានកាន់កាប់រាជធានីលីស្បោនក្នុងខែកញ្ញា ឆ្នាំ១៨០៧ និងដោយសារកងទ័ពបារាំងមួយភាគធំកំពុងស្ថិតនៅលើទឹកដីអេស្ប៉ាញ ណាប៉ូលេអុងក៏ឈ្លាតឱកាសក្បត់នឹងអតីតសម្ព័ន្ធមិត្តរបស់ខ្លួនដោយដកហូតសឹទ្ធអំណាចពីគ្រួសាររាជវង្សអេស្ប៉ាញហើយបានប្រគល់វាទៅឱ្យបងប្រុសរបស់ទ្រង់នៅឆ្នាំ១៨០៨ ដោយមានគោរមងារថាចូសេទី១។ ដោយមានការគាំទ្រពីអង់គ្លេស ប្រទេសព័រទុយកាល់និងអេស្ប៉ាញក៏បានរួមគ្នាខិតខំរើបម្រះប្រឆាំងនឹងបារាំងហើយទីបំផុតក៏បានបណ្តេញពួកបារាំងចេញពីឧបទ្វីបអ៊ីបេរីដោយជោគជ័យនៅក្នុងឆ្នាំ១៨១៤។
ទន្ទឹមនឹងនេះដែរ ប្រទេសរុស្ស៊ីដោយពុំពេញចិត្តនឹងគោលនយោបាយប្រព័ន្ធទ្វីបរបស់បារាំងដែលកំពុងជិះជាន់លើវិស័យពាណិជ្ជកម្មក្នុងប្រទេសរបស់ខ្លួន ក៏សម្រេចចិត្តលួចធ្វើជំនួញជាមួយរដ្ឋក្រៅប្រព័ន្ធដែលជំរុញឱ្យណាប៉ូលេអុងបើកការវាយប្រហារដ៏ធំចូលក្នុងប្រទេសរុស្ស៊ីនៅអំឡុងឆ្នាំ១៨១២។ ជាលទ្ធផល បារាំងបានទទួលបរាជ័យក្នុងយុទ្ធនាការនេះហើយក៏ត្រូវបង្ខំចិត្តដកទ័ពខ្លួនចេញពីទឹកដីប្រទេសរុស្ស៊ី។
ដោយឃើញថាបារាំងកំពុងចាញ់សង្គ្រាមបែបនេះ រដ្ឋព្រុស អូទ្រីស និងរុស្ស៊ីក៏បាននាំគ្នាបង្កើតក្រុមសម្ព័ន្ធភាពទីប្រាំមួយ រួចហើយក៏ចេញនូវយុទ្ធនាការថ្មីប្រឆាំងនឹងបារាំង និងមិនយូរប៉ុន្មានក៏បានយកឈ្នះលើទ័ពណាប៉ូលេអុងនៅក្នុងសមរភូមិលែបស៊ីគនៃឆ្នាំ១៨១៣។ ក្រុមសម្ព័ន្ធមិត្តបានបន្តវាយបារាំងពីទិសខាងកើតខណៈពេលដែលអេស្ប៉ាញនិងព័រទុយកាល់កំពុងរុញច្រានបារាំងពីទិសខាងលិចចេញពីឧបទ្វិបអ៊ីបេរី។ កម្លាំងក្រុមសម្ព័ន្ធមិត្តក៏បានចូលកាន់កាប់ទីក្រុងប៉ារីសនៅចុងខែមីនា ឆ្នាំ១៨១៤ រួចហើយក៏សម្រេចនិរទេសណាប៉ូលេអុងចេញពីបារាំងទៅអែលបាខណៈដែលរាជវង្សបួរបនត្រូវឡើងកាន់អំណាចសារជាថ្មីនៅប្រទេសបារាំង។ មួយឆ្នាំក្រោយមក ណាប៉ូលេអុងបានរត់ចេញពីអែលបារួចចូលមកដឹកនាំប្រទេសបារាំងម្តងទៀត។ សម្ព័ន្ធមិត្តទីប្រាំពីរក៏បានបង្កើតឡើងដើម្បីទប់ទល់នឹងណាប៉ូលេអុងដោយលើកនេះខុសប្លែកពីមុនៗ ទ័ពខាងសម្ព័ន្ធមិត្តបានយកឈ្នះលើទ័ពរបស់ណាប៉ូលេអុងដោយងាយនៅក្នុងសមរភូមិដំបូងគឺសមរភូមិវ៉ាត់ធឺលូក្នុងអំឡុងខែឧសភា ឆ្នាំ១៨១៥។ ណាប៉ូលេអុងត្រូវបានគេនិរទេសម្តងទៀតប៉ុន្តែលើកនេះគឺទៅកោះសាំងហេលីណាដែលស្ថិតនៅកណ្តាលមហាសមុទ្រអាត្លង់ទិក។[34]
សមាជទីក្រុងវីយែនបានផ្តល់នូវសន្តិភាពនិងការផ្លាស់ប្តូរព្រំដែនប្រទេសអឺរ៉ុបជាច្រើន។ សង្គ្រាមនេះបានផ្តល់ផលជាច្រើនដល់ពិភពលោកមានដូចជា៖ ការរីករាលដាលនៃលទ្ធិជាតិនិយម និងសេរីនិយម ចក្រភពអង់គ្លេសបានក្លាយជាកំពូលមហាអំណាចពិភពលោក ចលនាដើម្បីឯករាជ្យនៅអាមេរិកឡាទីនបានផ្ទុះឡើងដែលហេតុធ្វើឱ្យចក្រភពអេស្ប៉ាញដួលរលំ ការបង្រួបបង្រួមជាតិនិងទឹកដីរនៅអាល្លឺម៉ង់និងអ៊ីតាលី និងការរកឃើញវិធីសាស្រ្តថ្មីៗក្នុងការធ្វើសឹកសង្គ្រាមជាដើម។