វៀតណាម
From Wikipedia, the free encyclopedia
ប្រទេសវៀតណាម (ភាសាវៀតណាម៖ Việt Nam) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសង្គមនិយមវៀតណាម (Cộng hòa xã hội chủ nghĩa Việt Nam) គឺជាប្រទេសមួយស្ថិតនៅជាយខាងកើតនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក ដោយមានក្រឡាផ្ទៃសរុប ៣៣១,២១២ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅចំនួន ៩៩ លាននាក់។ ប្រទេសវៀតណាមមានព្រំដែនគោកជាប់ប្រទេសចិននៅភាគខាងជើង ប្រទេសកម្ពុជានិងឡាវនៅភាគខាងលិច ហើយមានដែនទឹកជាប់ប្រទេសថៃតាមរយៈឈូងសមុទ្រថៃ និងប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីតាមរយៈសមុទ្រចិនខាងត្បូង។ រដ្ឋធានីរបស់ប្រទេសវៀតណាមគឺទីក្រុងហាណូយ រីឯទីក្រុងធំបំផុតគឺទីក្រុងហូជីមិញ (អតីតក្រុងព្រៃនគរ)។
Cộng hòa Xã hội chủ nghĩa Việt Nam | |
---|---|
បាវចនា Độc lập – Tự do – Hạnh phúc "ឯករាជ្យភាព – សេរីភាព – សុភមង្គល" | |
ទីតាំងប្រទេសវៀតណាម (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | ហាណូយ 21°2′N 105°51′E |
ទីក្រុងធំបំផុត | ទីក្រុងហូជីមិញ 10°48′N 106°39′E |
ភាសាផ្លូវការ | ភាសាវៀតណាម[1] |
ក្រុមជនជាតិ (ឆ្នាំ ២០១៩) |
|
សាសនា (ឆ្នាំ ២០១៩) |
|
រដ្ឋាភិបាល | សាធារណរដ្ឋសង្គមនិយម រដ្ឋឯកបក្សប្រកាន់លទ្ធិម៉ាក្ស–លេនីនអាស្រ័យសភាឯកភូត |
- អគ្គលេខាធិការបក្ស | ង្វៀន ហ៊្វូចុង |
តូ ឡាំ | |
- នាយករដ្ឋមន្ត្រី | ផាំ មិញជិញ |
- ប្រធានរដ្ឋសភា | វឿង ឌិញហ៊ួយ |
នីតិបញ្ញត្តិ | រដ្ឋសភា |
និម្មិតកម្ម | |
- ទទួលឯករាជ្យពិចិន | ៩៣៩ |
- នគរដំបូង | ៩៦៨ |
- ប្រកាសឯករាជ្យជាថ្មី | ១៤២៨ |
១៨០២ | |
- សន្ធិសញ្ញាអាណាព្យាបាល | ២៥ សីហា ១៨៨៣ |
- ប្រកាសឯករាជ្យ | ២ កញ្ញា ១៩៤៥ |
២១ កក្កដា ១៩៥៤ | |
- បញ្ចប់សង្គ្រាមវៀតណាម | ៣០ មេសា ១៩៧៥ |
- បង្រួបបង្រួមជាតិ | ២ កក្កដា ១៩៧៦ |
- ដូយម៉ឺយ | ១៨ ធ្នូ ១៩៨៦ |
២៨ វិច្ឆិកា ២០១៣ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៣៣១,២១២ គ.ម២ (ទី៦៦) |
- ផ្ទៃទឹក (%) | ៦.៣៨ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២២) | ៩៩,៤៦០,០០០[5] (ទី១៥) |
- ជំរឿន (ឆ្នាំ ២០១៩) | ៩៦,២០៨,៩៨៤[3] |
- ដង់ស៊ីតេ | ២៩៥.០ នាក់/គ.ម២ (ទី២៩) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ១.៤៥០ ទ្រីលានដុល្លារ[6] (ទី២៦) |
- ក្នុងម្នាក់ | ១៤,៤៥៨ ដុល្លារ[6] (ទី១០៣) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ៤៤៩.០៩៤ ពាន់លានដុល្លារ[6] (ទី៣៤) |
- ក្នុងម្នាក់ | ៤,៤៧៥ ដុល្លារ[6] (ទី១១៦) |
ជីនី (២០១៨) | ៣៥.៧[7] មធ្យម |
HDI (២០២១) | ០.៧០៣[8] ខ្ពស់ · ទី១១៥ |
រូបិយវត្ថុ | ដុង (₫) (VND) |
ល្វែងម៉ោង | UTC+០៧:០០ (ម៉ោងស្តង់ដាវៀតណាម) |
ទម្រង់កាលបរិច្ឆេទ | ថ្ងៃ/ខែ/ឆ្នាំ – dd/mm/yyyy |
បណ្ដាញចែកចាយអគ្គិសនី | ២២០ V – ៥០ Hz |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៨៤ |
កូដ ISO 3166 | VN |
ដែនកម្រិតខ្ពស់ | .vn |
មនុស្សបានចូលមករស់នៅលើទឹកដីវៀតណាមដំបូងនៅក្នុងយុគសម័យថ្មបំបែក និងបានបង្កើតរដ្ឋដំបូងក្នុងសហវត្សទី ១ មុន គ.ស. នៅលើដីសណ្ដទន្លេក្រហមនៃវៀតណាមភាគខាងជើងបច្ចុប្បន្ន។ រាជវង្សហានបានកាត់បញ្ចូលវៀតណាមខាងជើង និងកណ្តាលដាក់នៅក្រោមការគ្រប់គ្រងរបស់ចិនចាប់ពីឆ្នាំ ១១១ មុន គ.ស. រហូតដល់រាជវង្សឯករាជ្យទីមួយបានលេចឡើងនៅឆ្នាំ ៩៣៩។ នគររាជានិយមជាបន្តបន្ទាប់បានស្រូបយកឥទ្ធិពលពីចិនតាមរយៈលទ្ធិខុងជឺ និងព្រះពុទ្ធសាសនា ហើយបានបន្តរីករាលដាលទៅភាគខាងត្បូងពោលគឺរហូតដល់ដីសណ្ដទន្លេមេគង្គ ដោយបានវាយដណ្តើមកាន់កាប់ប្រទេសចាម្ប៉ានៅក្នុងដំណើរនេះ។ រាជវង្សង្វៀន ដែលត្រូវជានគរចុងក្រោយរបស់វៀតណាម បានទទួលចុះចាញ់ក្រោមទ្វៃដៃនៃមហាអំណាចបារាំងនៅក្នុងឆ្នាំ១៨៨៣។ បន្ទាប់ពីបដិវត្តន៍ខែសីហា បក្សសម្ព័ន្ធជាតិនិយមហៅវៀតមិញ ក្រោមការដឹកនាំរបស់អ្នកបដិវត្តន៍កុម្មុយនីស្តឈ្មោះហូ ជីមិញ បានប្រកាសពីឯករាជ្យភាពរបស់វៀតណាមនៅក្នុងឆ្នាំ១៩៤៥។
ប្រទេសវៀតណាមបានឆ្លងកាត់សង្រ្គាមអូសបន្លាយគ្នាជាច្រើនឆ្នាំនៅក្នុងសតវត្សរ៍ទី២០។ ក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ បារាំងបានវិលត្រឡប់មកក្ដោបក្ដាប់អំណាចអាណានិគមវិញដែលជាហេតុនាំឱ្យសង្គ្រាមឥណ្ឌូចិនលើកទី១ ផ្ទុះឡើងដោយមានវៀតណាមជាអ្នកទទួលបានជ័យជំនះនៅក្នុងឆ្នាំ១៩៥៤។ ជាលទ្ធផលនៃសន្ធិសញ្ញាដែលបានចុះហត្ថលេខារវាងវៀតមិញ និងបារាំង ប្រទេសវៀតណាមទាំងមូលត្រូវបានបំបែកចេញជាពីរផ្នែកផ្សេងគ្នា។ សង្គ្រាមវៀតណាមបានចាប់ផ្ទុះឡើងភ្លាមៗរវាងក្រុមកុម្មុយនីស្តនិយមប៉ែកខាងជើងដែលគាំទ្រដោយសហភាពសូវៀត និងចិន ប្រយុទ្ធប្រឆាំងនឹងក្រុមនិយមប្រឆាំងកុម្មុយនីស្តប៉ែកខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិក។ បន្ទាប់ពីជ័យជំនះរបស់វៀតណាមខាងជើងក្នុងឆ្នាំ១៩៧៥ វៀតណាមបានបង្រួបបង្រួមជារដ្ឋសង្គមនិយមតែមួយក្រោមអំណាចគ្រប់គ្រងនៃបក្សកុម្មុយនីស្តវៀតណាម (ប.ក.វ.) នៅឆ្នាំ១៩៧៦។ សេដ្ឋកិច្ចផែនការដែលបានផ្ដើមឡើងដោយរដ្ឋាភិបាលមិនបានទទួលផ្លែផ្កាអ្វីនោះឡើយព្រោះតែខ្លួនត្រូវជាប់ទណ្ឌកម្មពាណិជ្ជកម្មជាមួយបណ្ដាប្រទេសលោកខាងលិច និងសង្រ្គាមជាមួយកម្ពុជា ហើយនិងចិន។ នៅឆ្នាំ១៩៨៦ បក្សកុម្មុយនីស្តបានផ្តួចផ្តើមកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយដែលមានលក្ខណៈស្រដៀងទៅនឹងកំណែទម្រង់សេដ្ឋកិច្ចរបស់ចិនដែរ ដោយប្រទេសនេះបានបង្វែរតម្រង់ទៅរកសេដ្ឋកិច្ចទីផ្សារធូរទូលាយជាងមុន។ កំណែទម្រង់នេះដែរបានជួយសម្រួលដល់ការធ្វើសមាហរណកម្មវៀតណាមឡើងវិញទៅក្នុងសេដ្ឋកិច្ច និងនយោបាយពិភពលោក។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដែលមានសេដ្ឋកិច្ចមានចំណូលមធ្យមកម្រិតទាប វៀតណាមនៅតែបន្តជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតប្រចាំសតវត្សទី២១។ សព្វថ្ងៃ វៀតណាមកំពុងមានវិបត្តិអំពើពុករលួយកម្រិតខ្ពស់ ពិរុទ្ធភាព បញ្ហាបរិស្ថាន និងកំណត់ត្រារំលោភសិទ្ធិមនុស្សខ្ពស់។ ប្រទេសនេះផងដែរកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទាបបំផុតនៃរង្វាស់សេរីភាពស៊ីវិលអន្តរជាតិ សេរីភាពសារព័ត៌មាន សេរីភាពខាងសាសនា និងជនជាតិភាគតិច។ វៀតណាមជារដ្ឋសមាជិកមួយនៃបណ្ដាស្ថាប័នអន្តរជាតិ និងអន្តររដ្ឋាភិបាលជាច្រើនរួមមាន៖ អាស៊ាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក កិច្ចព្រមព្រៀងទូលំទូលាយ និងវឌ្ឍនភាពនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ចលនាមិនចូលបក្សសម្ព័ន្ធ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង និងអង្គការពាណិជ្ជកម្មពិភពលោកជាដើម។ លើសពីនេះ វៀតណាមក៏ធ្លាប់បានកាន់អាសនៈនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចំនួនពីរដងផងដែរ។