កាហ្សាក់ស្ថាន
From Wikipedia, the free encyclopedia
ប្រទេសកាហ្សាក់ស្ថាន (ភាសាកាហ្សាក់៖ Қазақстан) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋកាហ្សាក់ស្ថាន គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីកណ្តាល។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ីនៅភាគខាងជើង ចិននៅភាគខាងកើត រីឯប្រទេសកៀគីស្ថាន អ៊ូសបេគីស្ថាន និងតួកមេនីស្ថានវិញស្ថិតនៅភាគខាងត្បូង។ ប្រទេសនេះមានរដ្ឋធានីនៅ អាសតាណា (ធ្លាប់ហៅថា "ន័រស៊ុលតង់") និងមានទីក្រុងធំបំផុតហៅ អាល់ម៉ាទី។ កាហ្សាក់ស្ថានគឺជាប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រធំជាងគេ ហើយជាប្រទេសធំបំផុតទីប្រាំបួននៅលើពិភពលោក និងមានប្រជាជនចំនួន ១៨.៨ លាន់នាក់។
Қазақстан Республикасы (ភាសាកាហ្សាក់) Qazaqstan Respublikasy (ភាសារុស្ស៊ី) | |
---|---|
ភ្លេងជាតិ Менің Қазақстаным "កាហ្សាក់ស្ថានខ្ញុំ" | |
ទីតាំងប្រទេសកាហ្សាក់ស្ថាន (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | អាសតាណា 51°10′N 71°26′E |
ទីក្រុងធំបំផុត | អាល់ម៉ាទី 43°16′39″N 76°53′45″E |
ភាសាផ្លូវការ | ភាសាកាហ្សាក់ ភាសារុស្ស៊ី |
អក្សរផ្លូវការ | គីរីឡុស[ស 1] ឡាតាំង[ស 2] |
ក្រុមជនជាតិ |
|
សាសនា (ឆ្នាំ ២០២១)[3] |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យពាក់កណ្ដាលប្រធានាធិបតីនិយមក្រោមរដ្ឋាភិបាលផ្ដាច់ការ |
- ប្រធានាធិបតី | កាស៊ីម យ៉ូម៉ារ តូកាយអេវ |
- នាយករដ្ឋមន្ត្រី | អូលចាស បេកតេណូហ្វ |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | ម៉ាហ្ស៊ីលីស |
និម្មិតកម្ម | |
- ខាន់ចក្រកាហ្សាក់ | ១៤៦៥ |
- រដ្ឋស្វ័យភាពអាឡាស់ | ១៣ ធ្នូ ១៩១៧ |
- សាធារណរដ្ឋសង្គមនិយមសូវៀតស្វយ័ត | ១៩ មិថុនា ១៩២៥ |
- សាធារណរដ្ឋសង្គមនិយមសូវៀត | ៥ ធ្នូ ១៩៣៦ |
- ប្រកាសអធិបតេយ្យភាព | ២៥ តុលា ១៩៩០ |
- ប្រកាសជាសាធារណរដ្ឋ | ១០ ធ្នូ ១៩៩១ |
- ប្រកាសឯករាជ្យពីសហភាពសូវៀត | ១៦ ធ្នូ ១៩៩១ |
- ទទួលស្គាល់ជាអន្តរជាតិ | ២៦ ធ្នូ ១៩៩១ |
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ៣០ សីហា ១៩៩៥ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ២,៧២៤,៩០០ គ.ម២ (ទី៩) |
- ផ្ទៃទឹក (%) | ១.៧ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ១៨,៧១១,៥៦០[4] (ទី៦៤) |
- ដង់ស៊ីតេ | ៧ នាក់/គ.ម២ (ទី២៣៦) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
- សរុប | ៦៩៦.៩០៣ ពាន់លានដុល្លារ[5] (ទី៤១) |
- ក្នុងម្នាក់ | ៣៤,៤៧៦ ដុល្លារ[5] (ទី៥៦) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) |
- សរុប | ២៩០.៩៩៤ ពាន់លានដុល្លារ[5] (ទី៤៩) |
- ក្នុងម្នាក់ | ១៤,៣៩៥ ដុល្លារ[5] (ទី៦៤) |
ជីនី (២០១៨) | ២៧.៨[6] ទាប |
HDI (២០២១) | ០.៨១១[7] ខ្ពស់ណាស់ · ទី៥៦ |
រូបិយវត្ថុ | តាំងកា (₸) (KZT) |
ល្វែងម៉ោង | UTC+៥ / +៦ (លិច / កើត) |
កូដ ISO 3166 | KZ |
ដែនកម្រិតខ្ពស់ | .kz .қаз |
ទឹកដីនៃប្រទេសកាហ្សាក់ស្ថានបច្ចុប្បន្នត្រូវបានមនុស្សចូលមកតាំងទីលំនៅដំបូងចាប់តាំងពីយុគប៉ាឡេអូលីទិកមកម៉្លេះ។ នៅបុរាណកាល ក្រុមជនជាតិអ៊ីរ៉ង់ផ្សេងៗដូចជា សាកា ម៉ាស្សាជេត្ត និងស៊ីតថ៍ បានចូលមករស់នៅលើទឹកដីកាហ្សាក់ស្ថានតាមរយៈការពង្រីកវាតទីរបស់ចក្រភពអាឆេមីនីដ្ស៍របស់ពួកគេ។ ក្រុមជនជាតិតួកស៊ីគបានចូលមកដល់ដែនដីប្រទេសនេះនៅប្រហែលដើមសតវត្សទី៦។ នៅសតវត្សទី១៣ ទឹកដីកាហ្សាក់ត្រូវបានត្រួតត្រាដោយចក្រភពម៉ុងហ្គោល ដឹកនាំដោយជេនហ្គិស ខាន់។ បន្ទាប់ពីការបែកបាក់រដ្ឋហ្វូងមាសនៅក្នុងសតវត្សទី១៥ ខាន់ចក្រកាហ្សាក់ក៏បានរំលេចឡើង។ ដល់សតវត្សទី១៨ ខាន់ចក្រកាហ្សាក់ត្រូវបែកបាក់ចេញជាបីបក្សសម្ព័ន្ធ ហើយក៏ត្រូវចក្រភពរុស្ស៊ីក្ដោបយកទឹកដីបន្តិចម្តងៗ រហូតដល់ពាក់កណ្តាលសតវត្សទី១៩ ទឹកដីកាហ្សាក់ទាំងមូលក៏ស្ថិតនៅក្រោមអំណាចរុស្ស៊ីជាផ្លូវការ។[8] បន្ទាប់ពីបដិវត្តន៍រុស្ស៊ីឆ្នាំ១៩១៧ និងសង្រ្គាមស៊ីវិលរុស្ស៊ី ទឹកដីរដ្ឋបាលកាហ្សាក់ស្ថានត្រូវបានគេរៀបចំជាច្រើនលើក។ ដល់ឆ្នាំ១៩៣៦ ទើបព្រំដែនសព្វថ្ងៃបានលេចចេញជារូបរាងឡើងតាមរយៈការប្រកាសរដ្ឋសូវៀតថ្មីហៅ សាធារណរដ្ឋសង្គមនិយមសូវៀតកាហ្សាក់ស្ថាន។ កាហ្សាក់ស្ថានត្រូវជាសាធារណរដ្ឋសូវៀតចុងក្រោយបង្អស់ដែលប្រកាសឯករាជ្យចេញពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១។
ប្រទេសនេះគ្របដណ្តប់លើតំបន់អាស៊ីកណ្តាលទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដោយ ផសស (ផលិតផលក្នុងស្រុកសរុប) ក្នុងតំបន់ប្រមាណ ៦០ ភាគរយគឺមានប្រភពចេញពីប្រទេសនេះ ជាចម្បងតាមរយៈឧស្សាហកម្មប្រេងកាត និងឧស្ម័ន ហើយមិនតែប៉ុណ្ណោះ កាហ្សាក់ស្ថានក៏សម្បូរទៅដោយធនធានរ៉ែជាច្រើនផងដែរ។[9] កាហ្សាក់ស្ថានជាប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីកណ្ដាល។ សព្វថ្ងៃ ប្រទេសនេះបានប្រកាន់យកប្រព័ន្ធឯកត្តរដ្ឋ (ឯកភូត) សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ[10] ក៏ប៉ុន្តែតាមការពិត កាហ្សាក់ស្ថានត្រូវស្ថិតនៅក្រោមរបបផ្ដាច់ការ[11][12]ដោយគ្មានការបោះឆ្នោតដោយសេរីនោះឡើយ។[13] ប៉ុន្តែទោះបីជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើប្រជាធិបតេយ្យូបនីយកម្ម និងកំណែទម្រង់នយោបាយផ្សេងៗត្រូវបានចាត់អនុវត្តបណ្ដើរៗ បន្ទាប់ពីការលាលែងពីតំណែងរបស់ប្រធានាធិបតីនុរស៊ុលតង់ ណាហ្សាបាយ៉េហ្វនៅក្នុងឆ្នាំ២០១៩។ កាហ្សាក់ស្ថាន គឺជារដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក, សហគមន៍នៃរដ្ឋឯករាជ្យ, អង្គការសហប្រតិបត្តិការសៀងហៃ, សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី, អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព, អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប, អង្គការសហប្រតិបត្តិការឥស្លាម, អង្គការរដ្ឋតួកស៊ីគ និងអង្គការវប្បធម៌អន្តរជាតិតួកស៊ីគ។