សាធារណរដ្ឋខ្មែរ
រដ្ឋាភិបាលសាធារណរដ្ឋដែលគាំទ្រដោយ ស.រ.អ ដើម្បីប្រឆាំងនឹងលទ្ធិកុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍ / From Wikipedia, the free encyclopedia
សាធារណរដ្ឋខ្មែរ គឺជា ឈ្អោះជាផ្លូវការនៃឋានភាពរដ្ឋមួយ (un statut d'Etat) របស់ប្រទេសកម្ពុជា នៅអំឡុងឆ្នាំ១៩៧០ - ១៩៧៥។សាធារណរដ្ឋកម្ពុជាត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃ៩ខែតុលាឆ្នាំ១៩៧០។ របបសាធារណរដ្ឋខ្មែរត្រូវបានផ្ដួលរំលំនៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ និងត្រូវបានបន្តដោយរបបកុម្មុយនិស្តផ្ដាច់ការ ដែលបានគ្រប់គ្រងប្រទេស ក្រោមឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ។
សាធារណរដ្ឋខ្មែរ | |||||||||
---|---|---|---|---|---|---|---|---|---|
១៩៧០–១៩៧៥ | |||||||||
'បាវចនា'សេរីភាព សមភាព ភាតរភាព វឌ្ឍនភាព និងសុភមង្គល | |||||||||
ភ្លេងជាតិដំណើរសាធារណរដ្ឋខ្មែរ | |||||||||
ធានី | ភ្នំពេញ | ||||||||
ភាសាទូទៅ | ខ្មែរ, បារាំង | ||||||||
រដ្ឋាភិបាល | សាធារណរដ្ឋប្រធានាធិបតីរួម | ||||||||
ប្រធានាធិបតី | |||||||||
▪ ១៩៧០-១៩៧២ | ចេង-ហេង | ||||||||
▪ ១៩៧២-១៩៧៥ | លន់ នល់ | ||||||||
▪ ១៩៧៥ | សូខាំ ខូយ (បណ្តោះអាសន្ន) | ||||||||
នាយករដ្ឋមន្ត្រី | |||||||||
▪ ១៩៧០-១៩៧១ | លន់ នល់ | ||||||||
▪ ១៩៧១-១៩៧២ | ស៊ីសុវត្ថិ សិរីមតៈ | ||||||||
▪ ១៩៧២ | សឺង ង៉ុកថាញ់ | ||||||||
▪ ១៩៧២-១៩៧៣ | ហង្ស ធុនហាក់ | ||||||||
▪ ១៩៧៣ | អ៊ិន តាំ | ||||||||
▪ ១៩៧៣-១៩៧៥ | ឡុង បូរ៉េត | ||||||||
នីតិបញ្ញត្តិ | សភាតំណាងរាស្រ្ត | ||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមផ្ទៃក្នុងកម្ពុជា និងសង្គ្រាមត្រជាក់ | ||||||||
១៨ មីនា ១៩៧០ | |||||||||
▪ ប្រកាស់ជាសាធារណរដ្ឋ | ៩ តុលា ១៩៧០ | ||||||||
១៧ មេសា ១៩៧៥ | |||||||||
ក្រឡាផ្ទៃ | |||||||||
១៩៧០ | ១៨១០៣៥ គ.ម២ (៦៩៨៩៨ ម៉ាយ ក.) | ||||||||
១៩៧៥ | ១៨១០៣៥ គ.ម២ (៦៩៨៩៨ ម៉ាយ ក.) | ||||||||
ប្រជាជន | |||||||||
▪ ១៩៧០ | ៦,៩៣៧,៩៩៥ | ||||||||
▪ ១៩៧៥ | ៧,០៩៧,៨០១ | ||||||||
រូបិយវត្ថុ | រៀលកម្ពុជា | ||||||||
កូដហៅទូរសព្ទ | +៨៥៥ | ||||||||
|
សេចក្ដីប្រកាសសាធារណរដ្ឋខ្មែរ ដោយលោកអ៊ិន-តាំ ប្រធានរដ្ឋសភា (ដកស្រង់ចេញពីទិនានុប្បវត្តិ អ្នកជាតិនិយម ឆ្នាំទី១២ លេខ៥៣០ សប្ដាហ៍១២-១៨តុលា១៩៧០)
ប្រជារាស្ត្រខ្មែរ ជា ជនជាតិមួយដែលស្រឡាញ់សន្តិភាពយ៉ាងខ្ជាប់ខ្ជួនតាំងតែពីបុរាណកាលមកដោយបានបង្កើត ជា សង្គមមួយ នៅលើដែនដីសុវណ្ណភូមិ ហើយបានរស់នៅក្រោមការត្រួតត្រានៃមនុស្សមួយក្រុម ដែលតាំងវណ្ណៈ ជា ស្ដេចកាន់អំណាចផ្ដាច់មុខ ជាសម្បូណ៌ាសិទ្ធិ។ អំណាចនេះត្រូវបានបន្តពូជពីមួយជំនាន់ទៅមួយជំនាន់ តាំងពីច្រើនសតវត្សរហូតមកដល់ស្ដេចសីហនុ។ ក្រុមនេះ តែងដណ្ដើមគ្នាឡើងសោយរាជ្យ រហូតដល់ហ៊ានកាត់ទឹកដីឲ្យបរទេស ជាថ្នូរនឹងការជួយដណ្ដើមយករាជបល្ល័ងសម្រាប់តែរៀងៗខ្លួន។ ដើម្បីរក្សាអំណាចគេ នៅគង់វង្សបានយូរ គេត្រូវបំបែកបំបាក់ប្រជារាស្ត្រ មន្ត្រី ដោយញុះញង់ឲ្យម្នាក់និយាយដើមអាក្រក់ពីម្នាក់។ ក្នុងចំណោមពួកគេ ណាមួយ ដែលមិនបានឡើងសោយរាជ្យ ក៏ត្រូវបានទទួលបុព្វសិទ្ធិពិសេសតាំងពីកំណើតមកដែរ។ គេបានបង្កើត វាក្យសព្ទសម្រាប់និយាយទៅតាមរាជឋានានុក្រម ដែលជារាជសព្ទដោយឡែកពីប្រជារាស្ត្រក្នុងគោលគំនិត ដើម្បីតាំងខ្លួនជាព្រះអាទិទេព ជាទីសក្ការៈរបស់ប្រជារាស្ត្រ។
តាំងពីជំនាន់ព្រះបានជ័យវរ្ម័នទី៧ម្លេះ ដើម្បីបន្សាបឥទ្ធិពលខ្លះនៃអំណាចផ្ដាច់ការកំណាច (la tyrannie) របស់ស្ដេច ក្រមសីលធម៌ជាប្រពៃណីមួយ ត្រូវបានបង្កើតឡើង ដើម្បីឲ្យស្ដេចគោរព ដែលហៅថា«ទសពិធរាជធម៌»។ ក្រមសីលធម៌នេះ មានលក្ខណៈជារដ្ឋធម្មនុញ្ញតូចមួយ ដែលមានតែ១០មាត្រា ហើយដែលផ្អែកលើគោលការណ៍មនុស្សធម៌ យុត្តិធម៌ តាមឧត្តមគតិពុទ្ធនិយម។ ទសពិធរាជធម៌ ទាំង១០មាត្រាមាន៖
១- ទានៈ ការឲ្យអំណាច ដើម្បីដោះស្រាយបញ្ហាជីវភាពទន់ខ្សោយរបស់រាស្ត្រ,
២- សីលៈ ប្រកាន់អំពើយុត្តិធម៌ចំពោះសង្គមជាតិ ដោយបើកឲ្យមាន៖ សេរីភាព សមភាព ភាតរភាព វឌ្ឍនភាព និងសុភមង្គលជូនប្រជារាស្ត្រ,
៣- បរិច្ចាគៈ លះបង់ចោលឲ្យអស់នូវអស្មិមានះ ពីសន្ដានចិត្តរបស់ខ្លួន,
៤- អាជីវៈ ប្រកាន់សច្ចៈទៀងត្រង់ជានិច្ច,
៥- មទ្ទវៈ មានកិរិយាស្លូតបូត សុភាពរាបសារ ដោយកាយវាចា,
៦- តបៈ រក្សាសីលប្រាំ ចាំសីលប្រាំបី,
៧- អកោធៈ មិនធ្វើឲ្យអ្នកដទៃខឹងក្ដៅក្រហាយ ដោយសារខ្លួន,
៨- អវិហិង្សៈ មិនបៀតបៀន ព្យាបាទអ្នកដទៃ ព្រោះតែកំហឹងរបស់ខ្លួន,
៩- ខន្តី មានចិត្តអំណត់ អត់ឱនដល់អ្នកដទៃ,
១០- អវិរោធៈ មិនរំលោភច្បាប់ ពោលគឺ មិនយកច្បាប់មកទ្រាប់អង្គុយ។
ប៉ុន្តែប្រវត្តិសាស្ត្រនៃប្រទេសខ្មែរ បានឲ្យយើងដឹងថា ទោះបីជា មានច្បាប់ទសពិធរាជធម៌ទាំង១០ដូចខាងលើនេះ ដែលតម្រូវឲ្យស្ដេចប្រតិបត្តតាមក៏ដោយ ក៏ច្បាប់នេះនៅតែអាស្រ័យលើចិត្តស្ដេចខ្លួនឯងដែរ។ ទាល់តែ ស្ដេចនោះមានសម្បជញ្ញៈប្រកាន់ធម៌ពីរប្រការទៀតគឺ៖
១- ហិរិៈ សេចក្ដីខ្មាស់អៀនក្នុងការប្រពឹត្តអំពើអាក្រក់មួយ,
២- ឱត្តប្បៈ សេចក្ដីខ្លាចតក់ស្លុតចំពោះអំពើអាក្រក់មួយ,
ទើបអាចប្រតិបត្តតាមទសពិធរាជធម៌នោះបាន។ ក៏ប៉ុន្តែ តាមការពិត យើងសង្កេតឃើញ ជាទូទៅ ស្ដេចមិនដែលគោរពទសពិធរាជធម៌ទេ ដោយមកពីគ្មានហិរិៈ និងឱត្តប្បៈ នៅក្នុងខ្លួននោះឯង។
ដោយស្ដេចនីមួយៗ បន្តបន្ទាប់គ្នា មិនបានកាន់ទសពិធរាជធម៌នេះហើយ បានជា បណ្ដាលឲ្យប្រជារាស្ត្រ កើតក្ដីក្ដៅក្រហាយ រងទុក្ខ ដោយសារស្ដេចជិះជាន់ ហើយដោយរិះរកមធ្យាបាយអាវុធកម្ចាត់អំពើជិះជាន់របស់ស្ដេចមិនបាន ពួកគេក៏នាំគ្នាបង្កើតពាក្យប្រទេចផ្ដាសា ទៅលើជនណាមួយ ដែលធ្វើផ្ដេសផ្ដាសពេកថា «អាចម្កួតហ្លួង»។ ប្រវត្តិសាស្ត្រខ្មែរក៏បានបង្ហាញឲ្យយើងឃើញទៀតថា ក៏មានរាស្ត្របានសាកល្បងងើបឡើងប្រឆាំងអំណាចផ្ដាច់ការរបស់ ស្ដេច ជាហូរហែដែរ ប៉ុន្តែរាល់លើក តែងត្រូវបានបង្ក្រាបយ៉ាងសាហាវ។
ការវិវត្តរបស់មនុស្សលោក ចេះតែធ្វើដំណើតទៅមុខឥតឈប់ឈរ ប្រជារាស្ត្រខ្មែរ ក៏ដូចជា ប្រជាជនទូទៅ នៅលើពិភពលោកដែរ ត្រូវការ៖ សេរីភាព សមភាព ភាតរភាព វឌ្ឍនភាព និងសុភមង្គល។ ក្នុងដំណើររំដោះជាតិចេញពីក្រញាំដៃពួកស្ដេចកំណាច ឆ្ពោះទៅរកគោលដៅទាំង៥ដូចខាងលើនេះ ប្រជារាស្ត្រខ្មែរតែងប្រើមធ្យោបាយអហិង្សា ដោយសន្តិវិធី ពោលគឺ ប្រើច្បាប់ដើម្បីរក្សាលក្ខណៈខ្លួនជា ប្រជាជាតិដែលស្រឡាញ់ខ្ជាប់នូវសន្តិភាព។
ក្រោយពីសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ ប្រជាជាតិនៅលើពិភពលោក បានរួមគ្នាប្រកាសជាសកល ស្ដីពី ច្បាប់សិទ្ធិមនុស្ស មាត្រា២១ វគ្គ៣ សេចក្ដីថ្លែងការណ៍សាកលនៃសិទ្ធិមនុស្ស ដែលចែងថា «ត្រូវចាត់ទុកឆន្ទៈប្រជាជនជាមូលដ្ឋាននៃអំណាចសាធារណៈ»។ ឆន្ទៈនេះត្រូវសម្ដែងចេញ តាមរយៈការបោះឆ្មោតដោយសេរី និងត្រឹមត្រូវ ដែលត្រូវបានកំណត់ដោយនីតិវិធីបោះឆ្នោតសាកល ដោយសមធម៌ និងដោយសម្ងាត់ ឬដោយនីតិក្រម ដែលមានន័យដូចខាងលើ គឺ ធ្វើយ៉ាងណា ដើម្បីអាចធានាយ៉ាងពេញលេញដល់សេរីភាពក្នុងការជ្រើសរើសតំណាងរបស់រាស្ត្រ។
ដោយអនុលោមតាមគោលគំនិតខាងលើនេះ ខ្មែរស្នេហាជាតិមួយក្រុម ដែលមានសេចក្ដីក្លាហានបានក្រោកឡើង ចាប់ផ្ដើមរៀបចំរដ្ឋធម្មនុញ្ញមួយ ដើម្បីកំណត់ដែនអំណាចរបស់ស្ដេច និងអំណាចរបស់រាស្ត្រ។
រដ្ឋធម្មនុញ្ញនេះ ត្រូវបានប្រកាសឲ្យប្រើ ចាប់ពីឆ្នាំ១៩៤៧រហូតមក ដោយរអាក់រអួលជានិច្ច។ ការរអាក់រអួលនេះ បណ្ដាលមកពីស្ដេចសីហនុ ដែលជាស្ដេចចុងក្រោយ ក្នុងចំណោមស្ដេចគ្រប់គ្រងប្រទេសខ្មែរ ដែលគ្មានទសពិធ រាជធម៌នោះ។ ស្ដេចសីហនុមានពុតត្បុតអាក្រក់ចម្លែក ដោយចេះធ្វើមាយាប្រជាភិថុតិចំពោះមុខរាស្ត្រ តែសំបកក្រៅ ដោយប្រើល្បិចកលក្ដោបអំណាច ឲ្យដៃឆ្វេងកៀងគរយកប្រជាប្រិយ ឲ្យដៃស្ដាំសន្ធប់រដ្ឋធម្មនុញ្ញ ដាក់ក្រោមអំណាចខ្លួន ហេតុនេះហើយបានជា រដ្ឋធម្មនុញ្ញត្រូវបានកែប្រែ វិលចុះវិលឡើង ជាច្រើនលើកច្រើនសា។ អ្នកណា ដែលហ៊ានការពារប្រឆាំងការកែប្រែរដ្ឋធម្មនុញ្ញ អ្នកនោះត្រូវស្លាប់ខ្លួន ដូច លោកប្រធានអៀវ-កឹស ជាឧទាហរណ៍ ស្រាប់។ សូម្បីតែរដ្ឋសភា ដែលជាស្ថាប័នកំពូលតំណាងប្រជារាស្ត្រ និងមានករណីយកិច្ចការពាររដ្ឋធម្មនុញ្ញ ក៏ត្រូវបានរងគ្រោះដោយការជាន់ឈ្លីរបស់ស្ដេចចុងក្រោយនេះដែរ។
ចាប់តាំងពីបានអនុវត្តរដ្ឋធម្មនុញ្ញ ក្នុងរយៈពេល២៣ឆ្នាំកន្លងមកនេះ រដ្ឋសភាបានដំណើរការអស់៦នីតិកាលបន្ត បន្ទាប់គ្នា។ ក្នុងចំណោម៦នីតិកាលនេះ នីតិកាលទី១ ទី២ និងទី៣ ត្រូវបានរំលាយក្នុងអាណត្តិតែម្ដង៖
- រដ្ឋសភានីតិកាលទី១ បានចាប់ផ្ដើមបើកសម័យប្រជុំ នៅថ្ងៃទី២១មករាឆ្នាំ១៩៤៨ និងបានរលាយ នៅថ្ងៃ ទី១៧កញ្ញាឆ្នាំ១៩៤៨។ បន្ទាប់មក នៅថ្ងៃទី១៤មករាឆ្នាំ១៩៥០ លោកប្រធានអៀវ-កឹស ត្រូវបានគេធ្វើឃាត ;
- រដ្ឋសភានីតិកាលទី២ បានបើកសម័យប្រជុំ នៅថ្ងៃទី៨តុលាឆ្នាំ១៩៥២ និងបានរលាយទៅវិញ នៅថ្ងៃទី១៣ មករាឆ្នាំ១៩៥៣ ;
- រដ្ឋសភានីតិកាលទី៣ បានបើកសម័យប្រជុំ នៅថ្ងៃទី១តុលាឆ្នាំ១៩៥៥ ហើយបានរលាយទៅវិញ នៅថ្ងៃទី៨ មករាឆ្នាំ១៩៥៨ ;
នីតិកាលទី៤ និងទី៥ ត្រូវបានរួចខ្លួនពីការរំលាយ និងបានរស់រានពេញអាណត្តិ ព្រោះរដ្ឋសភានៃនីតិកាលទាំង២ ចុងក្រោយនេះ បានកើតឡើងពីសមាជិកនៃគណបក្សសង្គមរាស្ត្រនិយម ដែលស្ដេចសីហនុបានចាត់តាំងឲ្យឈរឈ្មោះនៅគ្រប់មណ្ឌល ដោយគ្មានគូប្រជែងពីគណបក្សផ្សេង។ ដោយឡែក រដ្ឋសភានីតិកាលទី៦នាបច្ចុប្បន្ននេះ ក្នុងចំណោមបេក្ខជន៤១៥នាក់ មានតំណាងរាស្ត្រ៨២រូប ដែលបានជាប់ឆ្នោតដោយសុចរិត តាមឆន្ទៈដ៏បរិសុទ្ធរបស់រាស្ត្រ កាលពីថ្ងៃទី១១កញ្ញាឆ្នាំ១៩៦៦។
រដ្ឋសភានីតិកាលទី៦នេះ បានខិតខំធ្វើការបម្រើរាស្ត្រអស់ពីសមត្ថភាពដោយពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បី ការពារផលប្រយោជន៍ និងសិទ្ធិសេរីភាពរបស់ប្រជារាស្ត្រ ដែលជាហេតុនាំឲ្យស្ដេចសីហនុគំរាមកំហែងគាបសង្កត់ ពួកតំណាងរាស្ត្រនីតិកាលនេះ។ ជាផលវិបាក តំណាងរាស្ត្រ៣រូបត្រូវបានបាត់ខ្លួន ដោយឧបាយកលសម្ងាត់របស់ស្ដេចសីហនុ។ តំណាងរាស្ត្រខ្លះត្រូវបានចាប់ដាក់គុក ហើយតំណាងរាស្ត្រទាំងអស់ ក៏ត្រូវបានហាមឃាត់ មិនឲ្យចូលរួមក្នុងបុណ្យឯករាជ្យជាតិ និងក្នុងសមាជជាតិដែរ។ ជាងនេះទៅទៀត ស្ដេចសីហនុបានប្រើអំណាចផ្ដាច់ការ ដើម្បីអនុញ្ញាតឲ្យកងទ័ពយៀកកុង និងយួនខាងជើង បោះទីតាំងមូលដ្ឋានយោធា នៅលើទឹកដីខ្មែរ ដោយខុសពីនយោបាយអព្យាក្រឹត្យរបស់ខ្លួន ដែលខ្លួនតែងប្រកាសក្ដែងៗ ខណៈដែលប្រជារាស្ត្រសម្ដែងសេចក្ដីក្ដៅក្រហាយ ចំពោះការរំលោភ និងការជិះជាន់ពីសំណាក់ពួកទាហានយួន ស្ដេចសីហនុបែរជាចាត់ទុករាស្ត្រខ្មែរទាំងនោះថា ក្បត់ ហើយបន្តគប់គិតជាមួយសត្រូវ ដើម្បីវាយប្រហារជាតិខ្លួនឯងទៅវិញ។ កំហុសធ្ងន់ចុងក្រោយរបស់ស្ដេចសីហនុនេះ បាននាំឲ្យ សភាទាំងពីរ ឈានដល់ការសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយ ក្នុងការបោះឆ្នោតទម្លាក់ស្ដេចនេះពីតំណែងប្រមុខរដ្ឋ នៅថ្ងៃទី១៨ខែមីនាឆ្នាំ១៩៧០។
ប្រវត្តិសាស្ត្រខ្មែរ មុនសង្គ្រាមលោកលើកទី២ ដែលខ្មែររស់នៅអាស្រ័យទសពិធរាជធម៌ក្ដី ក្រោយសង្គ្រាមលោក លើកទី២ ដែលខ្មែររស់នៅអាស្រ័យរដ្ឋធម្មនុញ្ញជាគោលក្ដី បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ស្ដេចមិនព្រមបោះបង់អំណាចផ្ដាច់ការរបស់ខ្លួនសោះឡើយ បើទោះបីជាត្រូវបំបាត់ជីវិតរាស្ត្រចោលខ្លះ ឬបាត់បង់ទឹកដីខ្លះក៏ដោយ ក៏ត្រូវតែពលីដែរ ឲ្យតែអាចរក្សាអំណាចផ្ទាល់ខ្លួនបាន។
- ដោយបានយល់ឃើញគុណវិបត្តិច្រើនពេកនៃលទ្ធិរាជានិយម ដូចដែលបានលើកឡើងខាងលើនេះ,
- ដោយស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ស្ដីពី សិទ្ធិនៃប្រជាជាតិនីមួយៗ ក្នុងការកំណត់ជោគវាសនា នយោបាយ ទៅតាមឆន្ទៈរបស់ខ្លួន ដោយសេរី,
- ដោយគោរពឆន្ទៈប្រជារាស្ត្រខ្មែរ ដែលបានសម្ដែងយ៉ាងឱឡារិក នៅក្នុងព្យុហយាត្រា កាលពីថ្ងៃទី១១មេសាឆ្នាំ១៩៧០ និងតាមរយៈញ្ញត្តិ ដែលមានជាបន្តបន្ទាប់គ្នាមកទៀត,
- ដោយអនុលោមតាមក្រឹត្យលេខ៤៤២-៧០ ចុះថ្ងៃទី៨ខែតុលាឆ្នាំ១៩៧០ ដើម្បី៖ សេរីភាព សមភាព ភាតរភាព វឌ្ឍនភាព និង សុភមង្គលនៃប្រជារាស្ត្រខ្មែរទាំងមូល យើង អ៊ិន-តាំ ប្រធានរដ្ឋសភា ក្នុងនាមប្រជាជាតិខ្មែរ សូមប្រកាសជាឱឡារិក នៅថ្ងៃទី៩ខែតុលាឆ្នាំ១៩៧០ ចាប់ពីម៉ោង៧នេះតទៅ ចាត់ទុក ប្រទេសកម្ពុជា ជា សាធារណរដ្ឋតែមួយ ដែលមិនអាចបែងចែកបាន និងដែលជាឋានភាពរដ្ឋ មានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋខ្មែរ»។