តាលីបង់
From Wikipedia, the free encyclopedia
តាលីបង់ (អក្សរឡាតាំង៖ Taliban; ភាសាបាស្តូ៖ طالبان, ប្រែមកថា 'និស្សិត')[58] គឺជាចលនានយោបាយសាសនាឌីអូបង់ឌីនិយមឥស្លាម និងជាអង្គការសកម្មប្រយុទ្ធមួយនៅប្រទេសអាហ្វហ្កានីស្ថាន។ ក្រុមនេះបានគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានប្រមាណបីភាគបួនពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០១ មុនពេលត្រូវបានផ្តួលរំលំតាមរយៈការឈ្លានពានពីសហរដ្ឋអាមេរិក។ ក្រោយពីមានការតស៊ូបះបោរអស់រយៈពេលជិត ២០ ឆ្នាំ តាលីបង់ក៏បានវាយដណ្តើមយករដ្ឋធានីកាប៊ុលមកវិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ពោលគឺបន្ទាប់ពីកងកម្លាំងបរទេសចម្រុះភាគច្រើនបានដកខ្លួនចេញពីអាហ្វហ្កានីស្ថាន ដែលនាំឱ្យតាលីបង់អាចឡើងគ្រប់គ្រងប្រទេសទាំងមូលបានរហូតមកដល់សព្វថ្ងៃ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលតាលីបង់មិនត្រូវបានទទួលស្គាល់ដោយប្រទេសណាមួយឡើយ។ រដ្ឋាភិបាលខ្លួនត្រូវបានមនុស្សជាច្រើនរិះគន់អំពីរឿងរឹតបន្តឹងសិទ្ធិសេរីភាពមនុស្សនៅក្នុងប្រទេស រួមមានសិទ្ធិនារី និងស្ត្រីក្នុងការប្រកបរបរការងារផ្សេងៗ និងការទទួលបានការអប់រំជាដើម។[59]
តាលីបង់ | |
---|---|
طالبان | |
ទង់តាលីបង់ ដែលបច្ចុប្បន្នត្រូវបានតំណាងជាទង់ជាតិនៃប្រទេសអាហ្វហ្កានីស្ថាន | |
ស្ថាបនិក |
|
មេដឹកនាំកំពូល |
|
ស្ថាប័នអភិបាល | ក្រុមប្រឹក្សាថ្នាក់ដឹកនាំ |
កាលបរិច្ឆេទនៃប្រតិបត្តិការ |
|
ក្រុម | ភាគច្រើនជាជនជាតិប៉ាស្តុន[1][2] ភាគតិចជា ជនជាតិតាជិក និងជនជាតិអ៊ូសបេក[3][4] |
ទីស្នាក់ការកណ្តាល | កាន់ដាហារ (១៩៩៤–២០០១, ២០២១–បច្ចុប្បន្ន) |
តំបន់សកម្ម | អាហ្វហ្កានីស្ថាន |
មនោគមវិជ្ជា | |
ទំហំ | កម្លាំងស្នូល |
សម្ព័ន្ធមិត្ត | អនុក្រុម
|
សត្រូវ | សត្រូវជារដ្ឋ និងអន្តររដ្ឋាភិបាល
|
សមរភូមិនិងសង្គ្រាម |
|
តាលីបង់បានលេចរូបរាងឡើងជាលើកដំបូងនៅក្នុងខែកញ្ញា ឆ្នាំ១៩៩៤ ហើយបានក្លាយជាក្រុមបក្សសម្ព័ន្ធដ៏សំខាន់មួយនាអំឡុងសម័យសង្គ្រាមស៊ីវិលអាហ្វហ្កានីស្ថាន[60] និងមានសមាជិកភាគច្រើនជានិស្សិតជនជាតិប៉ាស្តុនមកពីភាគខាងត្បូងនិងខាងកើតនៃប្រទេសដោយពួកគេសុទ្ធតែធ្លាប់បានទទួលការអប់រំនៅតាមសាលាប្រពៃណីឥស្លាម។[61] នៅក្រោមការដឹកនាំរបស់ម៉ូហាម៉ាដ អូមារ ចលនាមួយនេះបានរីករាលដាលទៅពាសពេញផ្ទៃប្រទេសអាហ្វហ្កានីស្ថានរហូតទាន់តែអាចវាយដណ្តើមយកអំណាចបាននៅក្នុងឆ្នាំ១៩៩៦ និងបានគ្រប់គ្រងលើទឹកដីប្រមាណបីភាគបួននៅក្រោមរបបថ្មីមួយដែលគេតែងស្គាល់ថា អេមីរ៉ាតឥស្លាមអាហ្វហ្កានីស្ថានលើកទីមួយ។ រដ្ឋាភិបាលតាលីបង់នាពេលនោះត្រូវបានប្រឆាំងដោយកងជីវពលមួយក្រុមហៅ សម្ព័ន្ធភាពខាងជើង ខណៈដែលក្រុមមួយនេះបានកាន់កាប់ផ្នែកខ្លះនៃភាគឦសានប្រទេសអាហ្វហ្កានីស្ថាន និងត្រូវជាក្រុមដែលគេទទួលស្គាល់ជាអន្តរជាតិថាជារដ្ឋាភិបាលស្របច្បាប់នៃរបបរដ្ឋឥស្លាមអាហ្វហ្កានីស្ថាន។ ក្រុមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានមួយភាគធំរហូតដល់ត្រូវបានផ្ដួលរំលំដោយសហរដ្ឋអាមេរិកនៅខែធ្នូ ឆ្នាំ២០០១។ ក្រោយពីត្រូវបានផ្ដួលរំលំទៅបាត់ សមាជិកតាលីបង់ជាច្រើនបាននាំគ្នាភៀសខ្លួនរត់ទៅប្រទេសប៉ាគីស្ថានដែលមានព្រំដែនជាប់អាហ្វហ្កានីស្ថាននោះ។
ភ្លាមៗ ក្រុមតាលីបង់បានប្រជុំគ្នាបង្កើតចេញជាចលនាបះបោរប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអាហ្វហ្កានីស្ថានដែលគាំទ្រដោយសហរដ្ឋអាមេរិក និងព្រមទាំងកងកម្លាំងជំនួយសន្តិសុខអន្តរជាតិដែលគាំទ្រដោយណាតូ។ នៅខែឧសភា ឆ្នាំ២០០២ សមាជិកនិរទេសនៃតាលីបង់បានបង្កើតក្រុមប្រឹក្សាថ្នាក់ដឹកនាំឡើង ដែលមានមូលដ្ឋាននៅទីក្រុងគ្វេទតាក្នុងប្រទេសប៉ាគីស្ថាន។ ក្រោមការដឹកនាំរបស់ហៃបាទូឡា អាហ៊ុងហ្សាដា តាលីបង់បានបើកប្រតិបត្តិការយោធានៅក្នុងខែឧសភា ឆ្នាំ២០២១ ដែលឈានដល់ការដួលរលំនៃទីក្រុងកាប៊ុលនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ និងនាំឱ្យតាលីបង់បានកាន់កាប់ប្រទេសអាហ្វហ្កានីស្ថានឡើងវិញ។ សាធារណរដ្ឋឥស្លាមត្រូវបានរំលាយ ហើយរបបអេមីរ៉ាតឥស្លាមត្រូវបានស្ដារឡើងវិញ។
ចាប់ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០១ ក្រុមតាលីបង់បានត្រួតត្រាលើទឹកដីប្រមាណបីភាគបួននៃប្រទេសអាហ្វកានីស្ថានទាំងមូលហើយបានអនុវត្តច្បាប់ឥស្លាមដ៏តឹងរឹងដែលគេតែងនិយមហៅថា"សារីយ៉ា" (شَرِيعَة)។